កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខា ធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្ដម បានទទួលមរណភាពនៅវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅ គេហដ្ឋានសព ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើរកទីបំផុតគ្មាននេះ ឯកឧត្តម អភិបាលខេត្ត និងសហការីសូមចូលរួមសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួមក្នុងគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីយ៉ាងពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះឧត្តមសេនីយ៍ឯក ក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី កំណែទម្រង់ អភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ បម្រើការជួយលើកស្ទួយជីវភាពបងប្អូនអតីតយុទ្ធជន និងចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ក្នុងវេលាពោរពេញដោយទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់។ ឯកឧត្តម សូមឧទ្ទិសកុសល និងបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕
No comments:
Post a Comment