(កំពង់ចាម)៖ ដើមឈើផ្កាលម្អ ប្រភេទ"ជើងគោ" ចំនួន១៥.០០០ដើម ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈ សំណើស្នើសុំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើពិធីដាំ ស្ថិតវត្ត អញ្ជើញចូលរួមជាគណៈអធិបតី ពី ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួង សាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងកសាងផ្លូវជាតិលេខ៧, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតព្រំប្រទល់នៃស្រុក ព្រៃឈរ-ជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ពិធីថ្ងៃនេះ យើងធ្វើការដាក់ដាំដើមឈើផ្កា "ជើងគោ" ចំនួន ២០០ដើម ជានិមិត្តរូប លើផែនការ ១៥.០០០ដើម ដែលធ្វើនឹងដជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម) សំដៅលើកកម្ពស់សោភណភាព នៅអមសងខាងផ្លូវ ដើម្បីឲ្យមានទេសភាពបៃតងស្រស់បំព្រងឡើង និងការពារជើងទេរផ្លូវជាដើម។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា រដ្ឋបាលខេត្តកំពង់ចាម បាននាំយកដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត។
ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម គ្រោងនឹងដាំដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលផែនការនេះ ប្រើប្រាស់រយៈពេល៣ខែ ក្នុងការដាក់ដាំឲ្យរួចរាល់១០០%។គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបានប្រមាណជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខ៕
No comments:
Post a Comment