ខេត្តកណ្តាល៖ ការដ្ឋានជីករណ្ដៅអាច៍ដី កក្រើក ក្នុងឃុំ ព្រះប្រសប់របស់ថៅកែឈ្មោះស្រេង កំពុងសម្រុកយ៉ាងគគ្រឹកគគ្រេង ដឹកជញ្ជូនអាចម៍ដី បង្ហុយធូលីដី ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ចេញពីតំបន់វាលស្រែភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ប្រជាពលរដ្ឋចោទជាសំណួរថា តើការដឹកជញ្ជូននិងការជីកកកាយរយកអាចម៍ដី របស់ថៅកែស្រេងមានច្បាប់ទម្លាប់ដែរឬទេ?
រថយន្តធំៗជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដី ដោយខ្លះមិនគ្រប ប៉ាតង់ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាននិងសុខមាលភាពប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀតប្រភពខ្សឹបខ្សៀវពីអាជ្ញាធរមូលដ្ឋានឃុំព្រះប្រសប់បង្ហើបថាការដ្ឋានរណ្ដៅដីដែលលើផ្ទៃដីទំហំជិត១ហិចតានោះមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយស្ថាប័នជំនាញនិងរដ្ឋបាលស្រុកខ្សាច់កណ្ដាលនៅឡើយទេ។
ប្រភពបានឱ្យដឹងថា ថៅកែស្រេងមានគម្រោងសុំធ្វើ អាជីវកម្មជីកយកអាចម៍ដីលើផ្ទៃដីប្រហែលកន្លះហិចតាប៉ុន្តែជាក់ស្ដែងទិដ្ឋភាពដែលបានឃើញ គឺមានការជីកប្រហែល១ហិចតារួចទៅហើយ។ នៅក្នុងសកម្មភាពដែលកំពុងធ្វើយ៉ាងសកម្មនេះ ទម្រាំមានការអនុញ្ញាតច្បាប់ទម្លាប់ត្រឹមត្រូវ ការដ្ឋានអាជីវកម្មរណ្តៅដីអាចនឹងមានទំហំកាន់តែធំ។ ប្រភពបានឲ្យដឹងថា រដ្ឋបាលស្រុកធ្លាប់បានហាមឃាត់មិនឲ្យធ្វើអាជីវកម្មជីករណ្ដៅដីនេះទេ ដរាប ណាមិនទាន់មានច្បាប់ទម្លាប់ប៉ុន្តែលោកថៅកែស្រេងមិនស្ដាប់រដ្ឋបាលស្រុកខ្សាច់កណ្ដាលនោះឡើយ។
លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានប្រាប់អ្នកកាសែតតាមប្រព័ន្ធតេឡេក្រាមថា នឹងចុះទៅឃាត់សកម្មភាពនោះ ហើយនឹងស្នើឲ្យមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាលចុះពិនិត្យជាក់ស្ដែង។រសៀលថ្ងៃទី២៥ខែធ្នូនេះលោក អេតដូ រ៉ាមី អភិបាលរងខ្សាច់កណ្ដាលបានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរឃុំព្រះប្រសប់ចុះពិនិត្យការដ្ឋានខាងលើនេះ។ ប៉ុន្តែម្ចាស់ ការដ្ឋានមិនចូលរួមនោះឡើយ។ ដូច្នេះកិច្ចការងារនេះត្រូវលើកទៅថ្ងៃសុក្រស្អែកនេះ ហើយបើម្ចាស់អាជីវកម្មរណ្តៅដីមិនចូលរួមទៀតនោះ អាជ្ញាធរនឹងវាស់វែងហើយបើឃើញថា ខុសលក្ខណៈបច្ចេកទេសអាជ្ញាធរ នឹងផ្អាកការធ្វើអាជីវកម្មនេះជាបណ្ដោះអាសន្ន៕

No comments:
Post a Comment