មួយរយៈនេះ នៅក្នុងទឹកដីខេត្តតាកែវ មានរឿងអាស្រូវជុំទិស រហូតទៅដល់២ករណីផ្សេងគ្នា ធ្វើឱ្យផ្អើលបណ្ដាញសង្គម ហ្វេសប៊ុក - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មួយរយៈនេះ នៅក្នុងទឹកដីខេត្តតាកែវ មានរឿងអាស្រូវជុំទិស រហូតទៅដល់២ករណីផ្សេងគ្នា ធ្វើឱ្យផ្អើលបណ្ដាញសង្គម ហ្វេសប៊ុក

 



តាកែវ÷មួយរយៈនេះ នៅក្នុងទឹកដីខេត្តតាកែវ មានរឿងអាស្រូវជុំទិស រហូតទៅដល់២ករណីផ្សេងគ្នា ធ្វើឱ្យផ្អើលបណ្ដាញសង្គម

ហ្វេសប៊ុក ជាក់ស្តែង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមតៃកុងរថយន្តដឹកទំនិញមួយក្រុម បានលើកគ្នាមកតវ៉ា និងដាក់សំណូមពរ នៅមុខស្នាក់ការគយតាមដងផ្លូវជាតិលេខ២ ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីស្នើសុំឲ្យពិនិត្យ និងកែសម្រួលអត្រាបង់ប្រាក់ក្បាលឡាន ដែលពួកគេអះអាងថា មានចំនួនខ្ពស់ជាងការអនុវត្តនៅកន្លែងផ្សេងៗ។ ក្រុមតៃកុងរថយន្តបានលើកឡើងថា បច្ចុប្បន្នការបង់ ប្រាក់ក្បាលឡាននៅស្នាក់ការគយកន្លែងនេះ ត្រូវបង់ក្នុងអត្រា ៧០,០០០ រៀល ក្នុង១ក្បាលឡាន ខណៈដែលពួកគេស្នើសុំឲ្យកាត់បន្ថយមកចន្លោះពី ៣០,០០០ ដល់ ៤០,០០០ រៀល ដើម្បីសមស្របនឹងស្ថានភាពជាក់ស្តែង និងកាត់បន្ថយបន្ទុកលើជីវភាពអ្នកបើកបររថយន្តដឹកទំនិញ។


តាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិគយជាធរមាន ការកំណត់អត្រាបង់ប្រាក់ពន្ធ ឬថ្លៃសេវាផ្សេងៗ ត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយផ្អែកលើច្បាប់ ប្រកាស អនុក្រឹត្យ ឬសេចក្តីណែនាំជាផ្លូវការ ពីស្ថាប័នមាន សមត្ថកិច្ច និងត្រូវអនុវត្តដោយមានតម្លាភាព។ ការតវ៉ារបស់ក្រុមតៃកុងរថយន្តនៅលើកនេះ ត្រូវបានមហាជនចាប់អារម្មណ៍ថា ជាសញ្ញាបង្ហាញពីចម្ងល់ និងក្តីបារម្ភទាក់ទងនឹងភាពច្បាស់លាស់នៃការអនុវត្តនីតិវិធីគយ ជាពិសេសការបង់ប្រាក់ក្នុងអត្រា ៧០,០០០ រៀល ក្នុង១ក្បាលឡាន ថាតើមានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងមានវិក្កយបត្រផ្លូវការបញ្ជាក់ការចូលប្រាក់ចំណូលរដ្ឋឬយ៉ាងណា។ ជាមួយគ្នានេះដែរ សំណូមពររបស់ក្រុមតៃកុងរថយន្ត ត្រូវបានចាត់ទុកថា ជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ និងអ្នកប្រកបរបរដឹកជញ្ជូន ដែលរងផលប៉ះពាល់ផ្ទាល់ពីការអនុវត្តនីតិវិធីរដ្ឋបាល។ បញ្ហានេះ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបយ៉ាងច្បាស់ ដើម្បីធានាថា ការអនុវត្តច្បាប់គយ ប្រព្រឹត្តទៅដោយត្រឹមត្រូវ ស្មើភាព និងមានតម្លាភាព។


អ្នកតវ៉ាបានរំសាយនិងបើកផ្លូវឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរនគរបាលក្រុងដូនកែវ។ ក្រុមអ្នកតវ៉ាបង្ហើបថា គយដែលដើរតួនាទីជាអ្នកបង្គាប់ឲ្យជម្រិតទារប្រាក់ពីរថយន្តដឹកទំនិញ មកពីប្រទេសវៀតណាមនោះឈ្មោះ រក្ស ។ គយរក្ស គឺជាអ្នកទទួលខុសត្រូវទំនងជាអ្នកម៉ៅផ្ដាច់ជាមួយថ្នាក់លើរបស់ខ្លួន។ ក្នុងការតវ៉ានេះ បណ្តាញសារព័ត៌មានយើង ខ្ញុំមិនអាចសុំការ បំភ្លឺពីមន្ត្រីគយខេត្ត តាកែវបានឡើយ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ឃើញថា ការតវ៉ារបស់អ្នករកស៊ីដឹកទំនិញតាមផ្លូវជាតិលេខ២ ចំពោះស្ថាប័នគយខេត្តតាកែវ មិនមែនជាលើកទីមួយទេ? គឺរាប់មិនភ្លេចទៅហើយ។


ដោយឡែកមួយករណីទៀត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កន្លងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រីចំនួន៥រូប ឲ្យចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ពលរដ្ឋ លើអភិបាលរងខេត្តតាកែវម្នាក់ និងអភិបាលស្រុកបាទី រួមទាំងប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី ដោយចោទថា បានប្រើប្រាស់អំណាច និងតួនាទីដើម្បីយកដីប្រជាពលរដ្ឋស្របច្បាប់ទៅឲ្យអ្នកផ្សេង។ ការចុះអង្កេតស្រាវជ្រាវនេះ ធ្វើឡើងដោយយោងលើពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់លោកស្រី ចក់ គន្ធា នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងចំណារដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។


យោងតាមលិខិតរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលជម្រាបជូនលោក វ៉ី សំណាង អភិបាលនៃអភិបាលខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីលោកស្រី ចក់ គន្ធា ដែលបានប្តឹងលោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក ភួន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី ថា បានគប់គិតគ្នាប្រើប្រាស់អំណាច និងតួនាទីគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ដើម្បីយកដីប្រជាពលរដ្ឋ និងដីដែលមានប័ណ្ណកម្មសិទ្ធិប្រគល់ឱ្យឈ្មោះ នី អៀម។


អគ្កាធិការដ្ឋានក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ក្នុងបេសកកម្មចុះអង្កេតស្រាវជ្រាវលើករណីនេះ អគ្គាធិការដ្ឋាន បានចាត់តាំងលោក អ៊ុក ប៊ុនធឿន អនុប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៤រូប ឱ្យបំពេញបេសកកម្មនៅរដ្ឋបាលខេត្តតាកែវ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ តទៅ។អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏សូមឲ្យលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ផ្តល់កិច្ចសហការជាមួយក្រុមការងារ ដើម្បីបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ៕

No comments:

Post a Comment

Pages