កណ្តាល÷ប្រជាពលរដ្ឋ នៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល សុទ្ធតែបានឃើញ និងរិះគន់ចំពោះសំណង់រឹងមាំមួយកន្លែង កំពុងសាងសង់លយ ចូលទៅក្នុងផ្ទៃទន្លេមេគង្គក្រោម ដែលធ្វើឲ្យមើលទៅទាស់ភ្នែកយ៉ាងខ្លាំង។ អាជ្ញាធរស្រុកល្វាឯមបានអះអាងថា សំណង់នោះមិនបានសុំច្បាប់ទេ ពីអាជ្ញាធរឃុំកោះរះនិងស្រុកល្វាឯមឡើយ បើទោះបីជាអាជ្ញាធរបានទៅហាមឃាត់ជាច្រើនដងយ៉ាងណាក៏ដោយ។នៅក្នុងរដូវទឹកឡើងនេះ គេសង្កេតឃើញសំណង់ខាងលើ បានសាងសង់ ចាក់បេតុង លយចូលទៅក្នុងទន្លេមេគង្គក្រោមយ៉ាងគគ្លើន មិនដឹងពួកអស់លោកណានោះទេ? ជាអ្នកសាងសង់ ។
បើតាមមើលទិដ្ឋភាពជាក់ស្ដែង គេរៀបចំវាជាកន្លែងកំសាន្ត របស់ម្ចាស់គេហដ្ឋាននោះ ជាអ្នកមានទ្រព្យធនស្ដុកស្ដម្ភ នៅរាជធានីភ្នំពេញ ម្ចាស់សំណង់នេះមិនមែន មិនដឹងអំពីទង្វើរបស់ខ្លួនបំពានច្បាប់ប្រទេសនោះទេ ប៉ុន្តែទំនងជាអាងអំណាចឬជាអ្នកមានលុយស្តុកស្ដម្ភ។អ្នកភូមិនៅជិតនោះបានប្រាប់ថា ម្ចាស់ទីតាំងបានព្យាយាមសាងសង់សំណង់នេះម្ដងហើយ ម្ដងទៀត បើទោះបីជាវាបានបាក់ស្រុតចូលទន្លេម្ដងហើយម្ដងទៀត យ៉ាងណាក៏ ដោយ។
ប្រជាពលរដ្ឋនៅក្នុងភូមិកោះរះ ឃុំកោះរះ បាននិយាយថា នៅកន្លែងនេះច្រាំងវាចោទខ្លាំងណាស់ ដូច្នេះហើយនៅពេលគេសាងសង់ ត្រូវចាក់បេតុងចូលទន្លេ គឺវាតែងតែបាក់ស្រុតចូលទន្លេ ជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់សំណង់នៅតែបន្តព្យាយាម ចាក់បេតុង ឲ្យបានរឹងមាំដើម្បីសាងសង់ លយចូលទន្លេម្ដងហើយម្ដងទៀតដោយមិនខ្វល់ខ្វាយ និងអាជ្ញាធរនៅក្នុងមូលដ្ឋានបន្តិចណាសោះឡើយ។។
មហាជនបានរិះគន់ត្រង់ៗ ចំពោះម្ចាស់សំណង់រឹងមាំ លយចូលទន្លេនេះថា ម្ចាស់សំណង់ប្រហែលជាអ្នកមានទ្រព្យធន់ឬជាអ្នកមានអំណាច ប៉ុន្តែមិនគោរពច្បាប់ប្រទេសជាតិនោះទេ។ មហាជនបានលើកឡើងទៀតថា បើប្រជាពលរដ្ឋយើងក្រីក្រ មិនហ៊ានទៅធ្វើសកម្មភាពបំពានច្បាប់យ៉ាងដូច្នេះទេ ប៉ុន្តែសម្រាប់គេអ្នកមានលុយ,មានអំណាច គេចង់ធ្វើអ្វីក៏បានដែរ បើប្រជាពលរដ្ឋយើងវិញធ្វើធ្វើសកម្មភាពបំពានច្បាប់ តែប៉ុណ្ណេះមុខជាសមត្ថកិច្ច គេចុះមកចាប់ផ្ដន្ទាទោស ឬកំទេចសំណង់នោះចោលបាត់ទៅហើយ។
លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ថ្លែងប្រាប់អ្នកកាសែតឱ្យដឹងយ៉ាងដូច្នេះថា អាជ្ញាធរស្រុកល្វាឯម បានចុះទៅហាមឃាត់ ជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់សំណង់ មិនគោរពតាមច្បាប់ទម្លាប់ទេ។ លោកបានបន្តទៀតថា សំណង់នោះគ្មានច្បាប់ទេ គឺគ្មាននរណាអនុញ្ញាតច្បាប់ឲ្យឡើយ។ ដូច្នេះហើយ អាជ្ញាធរបានចុះទៅហាមឃាត់ជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់សំណងមិនព្រមសហការនោះឡើយ។
ពាក់ព័ន្ធនិងសំណង់សាងសង់ចូលទន្លេគ្មានច្បាប់ទម្លាប់ខាងលើនេះ ប្រជាពលរដ្ឋ នៅឃុំកោះរះ មិនសង្ឃឹមថាអាជ្ញាធរឃុំកោះរះពិសេសអាជ្ញាធរស្រុកល្វាឯម អាចនឹងអនុវត្តច្បាប់ឲ្យ បានស្មើភាពចំពោះបញ្ហាសំណង់អនាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ គេសង្ឃឹម ទៅលើលោកគួច ចំរើន អភិបាលខេត្តកណ្ដាល ជាពិសេសក្រសួងពាក់ព័ន្ធ នឹងមានវិធានការផ្លូវច្បាប់ ចំពោះម្ចាស់សំណង់ខុសច្បាប់ខាងលើនេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
No comments:
Post a Comment