ខេត្តកណ្តាល÷មួយរយៈនេះ នៅក្នុងទឹកដីខេត្តកណ្តាល មានករណី សំណង់សាងសង់លយចូលទៅក្នុងទន្លេ ហើយត្រូវបានគេសង្កេតមើលឃើញថា បានកើតឡើងជាបន្តបន្ទាប់ ដូចជាករណីនៅឃុំកោះរះ ស្រុកល្វាឯមខេត្តកណ្ដាល ជាដើមក៏មានករណីការសាងសង់សំណង់រឹងមាំ សាងសង់លយ ចូលទៅក្នុងទន្លេមេគង្គដែរ។ សូមជម្រាបថាក្រោយពីបណ្ដាញសារព័ត៌មានក្នុងស្រុក មួយចំនួនបានធ្វើការរិះគន់ ករណីសំណង់រឹងមាំសាងសង់លយ ចូលទៅក្នុងទន្លេមេគង្គ បានធ្វើឲ្យអស់លោកអាជ្ញាធរ ដេកមិនលក់ បក់មិនល្ហើយ រសាប់រសល់នៅក្នុហឱរាក៏បាននាំគ្នាចុះមកហាមឃាត់ មិនឱ្យម្ចាស់សំណង់មានការសាងសង់បន្តទៀត។
ជាក់ស្ដែង សូមបង្វែរអារម្មណ៍ បងប្អូនប្រិយមិត្ត មកតាមដានជុំវិញ ព័ត៌មានមួយករណីទៀត នៅក្នុងទឹកដីឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល ករណីសំណង់រឹងមាំ ខ្នាតយក្សមួយកន្លែង កំពុងដំណើរការសាងសង់ដោយរលូន នៅចំណុចភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមិន ដឹងថា សំណង់រឹងមាំនេះ មានច្បាប់ទម្លាប់ ឬមិនមាននោះទេ ? ហើយម្ចាស់សំណង់ មិនដឹងអស់លោកណានោះទេ។ប្រជាពលរដ្ឋរស់នៅជិតសំណង់នេះ មើលឃើញអំពីសំណង់សង់លយចូលទន្លេមេគង្គ ដែលគេសន្និដ្ឋានថាជាទង្វើខុសច្បាប់។ ដូច្នេះអាជ្ញាធរ និងនឹងមន្ទីជំនាញជាពិសេសក្រសួងពាក់ព័ន្ធ គួរពិនិត្យ និងចេញសេចក្តីបំភ្លឺ ជូនប្រជាពលរដ្ឋ ដើម្បីជ្រាបជ្រាបជាព័ត៌មាន តើការសាងសង់សំណង់នេះស្របច្បាប់ ឬមិនស្របច្បាប់។
ក្រុមអ្នកកាសែត ដែលបានមើលឃើញទិដ្ឋភាពផ្ទាល់ភ្នែក ពីសកម្មភាពនៃការសាងសង់ បានសង់លយចូលទៅក្នុងទន្លេមេគង្គ ខណៈរដ្ឋអំណាចនៃរដ្ឋបាលសាលាស្រុកមុខកំពូលមិនខ្ចីឆ្លើយតបនិងសំណួររបស់អ្នកកាសែត។ប្រជាពលរដ្ឋមានលំនៅឋាន នៅជិតសំណង់រឹងដ៏មាំមហិមានេះនិយាយថា បើគ្មានការគុបគិតជាប្រព័ន្ធរវាងអាជ្ញាធរដែនដីនិងស្ថាប័នជំនាញជួយលាក់បាំងទេនោះ សំណង់នេះមិនអាចដំណើរការបានដោយរលូនស្ទើររួចរាល់ថ្ងៃយ៉ាងដូច្នេះឡើយ។ ប្រជាពលរដ្ឋដែលរស់នៅ ជុំវិញសំណង់រឹងមាំ ខាងលើនេះ បានលើកឡើងថា សំណង់នេះបានសាងសង់អស់រយៈពេលជាយូរខែណាស់មកហើយ គេមិនដែលឃើញអាជ្ញាធរឃុំឬស្សីជ្រោយ ជាពិសេសអាជ្ញាធរស្រុកមុខកំពូលក៏ដូច ជាស្ថាប័នជំនាញចុះមកត្រួតពិនិត្យបញ្ហាបច្ចេកទេស នៃការសាងសង់នោះទេ។មានន័យថា មិនឃើញសមត្ថកិច្ច ជំនាញនិងអាជ្ញាធរដែនដីណា ហ៊ានចុះទៅអើតឈ្ងោក មើលបច្ចេកទេសនៃការសាងសង់សំណង់នេះឡើយ។
សូមជម្រាបថា ករណីសំណង់រឹងមាំខាងលើនេះ គេមិនដឹងថា តើម្ចាស់សំណង់ខាងលើ បានសុំច្បាប់ការសាងសង់ ទៅមន្ទីរជំនាញខេត្តកណ្ដាល ជាពិសេសក្រសួងពាក់ព័ន្ធហើយឬនៅនោះទេ? ទោះជាយ៉ាងណាក៏ដោយ សំណង់រឹងមាំបែបនេះ សង់រំលោភចូលចំណែកនៃទន្លេមេគង្គ បើទោះបីជាមាន ច្បាប់ ក៏មើលទៅទើសភ្នែកប្រជារាស្រ្តទូទាំងប្រទេសដែរ។ បើប្រជារាស្ត្រក្រីក្រវិញ គ្រាន់តែលើកបន្តុបសសរ១ដើម អាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នជំនាញមកដល់ភ្លាម។ ចំពោះករណីនេះ លោកចៅហ្វាយស្រុកមុខកំពូល យីយ៉េន មិនខ្ចីឆ្លើយតបជាមួយនិងអ្នកកាសែត បន្ទាប់ពីលោកបានមើលសារតាមបណ្ដាញសង្គមរួច តែមិនឆ្លើយតប។ ករណីនេះស្ថាប័នជំនាញផ្សេងៗ ទៀតក៏ដូចជារដ្ឋបាលខេត្តកណ្ដាល មេត្តាជួយបំភ្លឺជូនប្រជារាស្រ្តទូទាំងប្រទេសឲ្យបានដឹងផង។ ពីព្រោះអាជ្ញាធរស្រុកមុខកំពូល មិនឆ្លើយតប គឺមិនបំភ្លឺជូនប្រជារាស្រ្តទេ៕ ទាក់ទិននិងករណី ការសាងសង់បំណង់រឹងមាំខាងលើនេះ បណ្ដាញសារព័ត៌មានយើងខ្ញុំរង់ចាំ ការបំភ្លឺនិងបកស្រាយ ពីម្ចាស់សំណង់សាងសង់ គ្រប់២៤ម៉ោងលើ២៤ ម៉ោង។
No comments:
Post a Comment