បាត់ដំបង÷បច្ចុប្បន្ននេះ នៅទូទាំងស្រុក មួយចំនួន ស្ថិតនៅក្នុងទឹកដី ខេត្តបាត់ដំបង ត្រូវបានគេមើលឃើញថា សកម្មភាពអាជីវកម្មបូមខ្សាច់ បានកើតមានឡើង យ៉ាងព្រោងព្រាត បើទោះបីជា ការដ្ឋានបូមខ្សាច់ទាំងនោះ មានច្បាប់ទម្លាប់ត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបញ្ហាប្រឈម ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ នៅតែមានផលប៉ះពាល់ជានិច្ច ខណៈដែលប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងនោះ បានត្រឹមតែហួសចិត្ត តែមិនដឹងទៅថ្លែងប្រាប់អ្នកណា។
ជាក់ស្ដែង ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នៅឃុំកំប្រង់
ស្រុកកំរៀង ខេត្តបាត់ដំបង បាននាំគ្នារអ៊ូរទាំរ អំពីការលំបាក
ក្នុងការធ្វើដំណើរ ពីព្រោះតែរថយន្តដឹកខ្សាច់ ចេញពីការដ្ឋានបូមខ្សាច់ខាងលើ ធ្វើឲ្យខូចខាត ផ្លូវនៅក្នុងសហគមន៍។ មិនតែប៉ុណ្ណោះ ការដ្ឋានបូមខ្សាច់ខាងលើនេះ បានធ្វើឲ្យមានការបាក់ស្រុតដីចំណី នៅមាត់ស្ទឹង ក្បែរការដ្ឋានបូមខ្សាច់នោះទៀតផង។ បើទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកកំរៀងបានលើកឡើងថាមការដ្ឋានបូមខ្សាច់ ខាងលើនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ។ តំណាងក្រុមហ៊ុន ការដ្ឋានបូមខ្សាច់ខាងលើនេះ បានអះអាង ប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ការដ្ឋានបូមខ្សាច់របស់ខ្លួន"មានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ ឥឡូវកំពុងពិភាក្សាគ្នា(?)"ហើយក៏ចុចបិទទូរស័ព្ទទៅ។ អាជ្ញាធរស្រុកកំរៀង លោកអភិបាលស្រុក សុខ ដែន បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា ទីតាំងការដ្ឋានបូមខ្សាច់ខាងលើនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញដោយថ្នាក់ខេត្ត ដែលអាជ្ញាធរស្រុក មិនបានដឹងឮនោះទេ។ យ៉ាងណាក៏ដោយរដ្ឋបាលស្រុកកំរៀង នឹងចាត់កម្លាំង ចុះទៅមើលអំពីសកម្មភាពបូមខ្សាច់ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ មិនសប្បាយចិត្តនោះ។
លោកអភិបាលស្រុកកំរៀង បានបន្តទៀតថា "បើយ៉ាងដូច្នោះមែន យើងខ្ញុំនឹងបញ្ជូនកម្លាំង ឲ្យចុះទៅពិនិត្យមើលថា តើវាមានការលំបាកយ៉ាងណាខ្លះ"។ លោកអភិបាលស្រុកកំរៀងបានបញ្ជាក់បន្ថែមទៀតថា ខាងរដ្ឋបាលសាលា ស្រុកកំរៀង ធ្លាប់បានណែនាំជាញឹកញយ ពីបញ្ហានៃការដឹកជញ្ជូនខ្សាច់ ដែលធ្វើឲ្យខូចផ្លូវសាធារណៈ។ ដោយឡែក ប្រជាពលរដ្ឋក្មេង,ចាស់,ប្រុស,ស្រី ដែលធ្វើដំណើរតាមផ្លូវ បាននាំគ្នា រអ៊ូរទាំរ អំពីបញ្ហាផ្លូវលំបាក ដែលបង្កដោយរថយន្តដឹកខ្សាច់ បំផ្លិចបំផ្លាញផ្លូវ និងហៀរហូរទឹកនិងដីខ្សាច់ មកលើផ្លូវជាដើម។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើនេះ បាននាំគ្នាលើកឡើងថា តើការដ្ឋានបូមខ្សាច់ ត្រូវបានគេគេខ្សឹបប្រាប់ថា មានឈ្មោះ តួធានទឺ ដោយការដ្ឋានបូមខ្សាច់នេះ មានច្បាប់ទម្លាប់ ត្រឹមកម្រិតណានោះទេ។ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺការដឹកជញ្ជូនខ្សាច់ កំពុងតែ បំផ្លិចបំផ្លាញផ្លូវ ដែលប្រជាពលរដ្ឋ ប្រើប្រាស់នឹងធ្វើដំណើរសព្វថ្ងៃ ក្រៅពីនោះគេក៏ឃើញផងដែរ អំពីការផុងបាក់ស្រត់ដីចំណីមាត់ស្ទឹង ដែលនៅជិតការដ្ឋានបូមខ្សាច់ខាងលើនេះ។សូមជម្រាបបន្ថែមទៀតថា? នៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥នេះ ម្ចាស់ការដ្ឋានបូមខ្សាច់ លោកតួ ធានទឺ បណ្ដាញសារព័ត៌មានយើងខ្ញុំ បានទំនាក់ទំនង តាមប្រព័ន្ធTelegram ជាច្រើនដង ដើម្បីសុំការបកស្រាយបំភ្លឺលំអិត ជុំវិញករណីខាងលើនេះ តែលោកតួធានទឺ មិនលើកទូរស័ព្ទនោះទេ។
ទាក់ទិននឹងករណីខាងលើនេះ លោកធួន អ្នកមុខ អ្នកការ ធំម្នាក់នៃមន្ទីរ៉ែនិងថាមពល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា? ការដ្ឋានបូមខ្សាច់ខាងលើនេះ មានច្បាប់ត្រឹមត្រូវ ចេញដោយថ្នាក់ខេត្ត។ នៅពេលដែល អ្នកសារព័ត៌មាន សាកសួរអំពីបញ្ហានៃការប្រើប្រាស់ម៉ាស៊ីនធំៗ សម្រាប់បូមខ្សាច់នោះ លោកធួនបានឆ្លើយថា វាជាភាពត្រឹមត្រូវមិនខុសទេ។ រីឯបញ្ហាខូចខាតផ្លូវនិងមានការបាក់ស្រុតដីចំណីមាត់ស្ទឹងយ៉ាងណានោះ? លោកធួន ជំរុញឲ្យអ្នកសារព័ត៌មាន ទៅសួរអាជ្ញាធរ នៅក្នុងមូលដ្ឋាន។
សូមជម្រាបបន្ថែមទៀតថា សម្រាប់ប្រជាពលរដ្ឋ នៅក្នុង
ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងថា បើទោះបីជា ការដ្ឋានបូមខ្សាច់ខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់យ៉ាងណានោះ? ប៉ុន្តែមើលទៅវាហាក់បីដូចជា បញ្ហាកន្ទេលធំ បន្លំដេក ឬត្រីងៀតឆ្លៀតពង ដែលផលប្រយោជន៍ មួយចំនួនធំត្រូវបានឈ្មួញបូមខ្សាច់ ចែករំលែកជាមួយស្ថាប័នជំនាញ ហើយបានបង្កឲ្យមានការលំបាក ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននិងធ្វើដំណើរ។ ទាក់ទិននិងករណីខាងលើនេះ ប្រជាពលរដ្ឋបានធ្វើការសំណូមពរ ដល់លោកសុខ លូ អភិបាលខេត្តបាត់ដំបងជាពិសេសប័នមន្ទីជំនាញ ក្នុងខេត្ត និងក្រសួងពាក់ព័ន្ធសូមមេត្តាជួយពិនិត្យមើលករណីខាងលើនេះផង៕ ទោះបីជាយ៉ាងណា អង្គភាពយើងខ្ញុំ នឹងរង់ចាំការបកស្រាយបំភ្លឺលំអិតជុំវិញករណីការដ្ឋានបូមខ្សាច់ខាងលើនេះ ពីភាគីពាក់ព័ន្ធទាំងអស់គ្រប់២៤ម៉ោងលើ២៤ម៉ោង។
No comments:
Post a Comment