(កំពង់ចាម)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៥ ស្ថិតនៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម និងវត្តសន្ធររង្សី (ខ្ពបតាងួន) ស្រុកស្ទឹងត្រង់ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
ចំពោះទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងជាងថវិកា៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។
សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕
No comments:
Post a Comment