ខេត្តតាកែវ÷យុវជនចំនួន៤នាក់ ត្រូវបានបងប្អូននិងសាច់ញាតិ នៅក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះបន្ទាន់ និងកំពុងព្យាបាល នៅឯប្រទេសវៀតណាម ដោយក្នុងពេលដែល២នាក់ទៀត ត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់មក ក្នុងករណីទំនាស់មិនដឹងរឿងហេតុដែលបានកើតឡើងនៅរសៀលថ្ងៃទី ២១ ខែ កញ្ញាឆ្នាំ ២០២៥កន្លងទៅ។
នៅរសៀលថ្ងៃទី២១ខែ កញ្ញាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភាគច្រើន ជាសាច់ញាតិ មិត្តភក្កិបងប្អូននឹងគ្នា រស់នៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថាជនរងគ្រោះ ក្រោយបានត្រឡប់មកពីសែនដូនតាវិញ ដែលត្រូវជិះកាត់ តាមមុខផ្ទះឈ្មោះឈឺត(ផ្លូវមានតែមួយខ្សែរ) នៅពេលនោះក៏ជួបបងប្អូនស្រីនៅជិតមុខផ្ទះជនបង្កក៏បានសួរនាំគ្នាពីបញ្ហាបន្តិចបន្តួច ក៏ស្រាប់តែមានភាគីខាងជនបង្កជិះម៉ូតូយ៉ាងលឿន សំដៅមកវាយយកៗ តែម្ដង ដោយគ្រាន់តែនិយាយថា ភាគីជនរងគ្រោះឈ្មោះវណ្ណៈ មើលមុខឌឺដងឱ្យខ្លួន។
ប្រភពបានបញ្ជាក់ទៀតថានៅក្រោមផ្ទះក្រុមជនបង្កមានវង់ផឹកស៊ីមួយផងដែរ ស្របគ្នានោះផងដែរ ក្រុមសាច់ញាតិភាគីជនរងគ្រោះ បានជិះម៉ូតូមកដល់ ក៏ក្លាយទៅជាបញ្ហាចម្រូងចម្រាស់ ប្រទាំងប្រទើសនិងគ្នា បានក្លាយទៅជាអំពើហិង្សាទៀតផង។ ក្នុងពេលខណះនោះ ក្រុមអ្នកផឹកស៊ី ក្រោមផ្ទះរបស់ជនបង្ក ក៏បានចេញមក ជួយជាកម្លាំងអន្តរាគមន៍ ដល់គ្នីគ្នារបស់ពួកគេ ហើយអំពើហិង្សានេះ កាន់តែរីករាលរដាលហូតដល់មានការវាយតប់គ្នាទៅវិញមក បើទោះបីជា ម្ដាយភាគីជនបង្ក បានព្យាយាមបិទរបងផ្ទះ ក៏ពួកគេព្យាយាមលោតតាមរបងមកបង្កហិង្សា ទៅលើភាគីជនរងគ្រោះផងដែរ។
ភាគីជនរងគ្រោះចំនួន៤នាក់ ត្រូវបានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯប្រទេសវៀតណាម ក្នុងនោះសូម្បីក្មេងស្រីអាយុ២ឆ្នាំម្នាក់ ក៏ត្រូវរងរបួសជាំភ្នែកផងដែរ? ភ្លាមៗនោះក្រោយកើតហេតុវាយតប់គ្នា ក្រុមជនរងគ្រោះបានស្នើររកកិច្ចអន្តរាគមន៍ ពីមន្ត្រីនគរបាលស្រុកអង្គរបុរី ប៉ុន្តែមិនបានទទួលលទ្ធផលនោះទេ ដោយនគរបាលប្រាប់ ឲ្យទៅព្យាបាលរបួសសិនទៅ ហើយ១ថ្ងៃបន្ទាប់ក្រោយមក នៅពេលដែលក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី មន្ត្រីនគរបាល នៅទីនោះប្រាប់ថា មិនចាំបាច់ដាក់ពាក្យបណ្ដឹងប្តឹងទេ ពីព្រោះខាងភាគីជនបង្ក បានដាក់ពាក្យបណ្តឹង ប្តឹងទៅនៅឯមូលដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបុរីរួចហើយ។
ដោយឡែក នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរី បានចុះទៅសួរនាំភាគីជនរងគ្រោះដល់ភូមិភ្នំបាទេព ហើយក៏បាននាំខ្លួនបុរសពីរនាក់មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបុរី រួចហើយក៏បានវាយខ្នោះដាក់លើឡាន បញ្ជូនមកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តតាកែវ ដើម្បីចាត់ការបន្ត។ ទាក់ទិននឹងករណីខាងលើនេះ ក្រុមគ្រួសារភាគីជនរងគ្រោះ បានចាត់ទុកទង្វើនៃការចាប់ខ្លួនភាគីជនរងគ្រោះដល់ទៅពីរនាក់ ក្នុងពេលដែលជនរងគ្រោះ ចំនួន៤នាក់ទៀត កំពុងព្យាបាលរបួស នៅឯប្រទេសវៀតណាម គឺជារឿងអយុត្តិធម៌។
បើយោង តាមមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានអះអាងថាបន្ទាប់ពីសួរនាំ,ភាគីជនរងគ្រោះនតាមបណ្ដឹងរបស់ជនបង្ករួចសមត្ថកិច្ចយល់ឃើញថា វាជាការប្រើអំពើហិង្សា វាយទៅវាយមកដូច្នេះសមត្ថកិច្ច ត្រូវបើកការស៊ើបអង្កេតតទៅមុខទៀត បើទោះបីជា យ៉ាងណាក៏ដោយ មិនមែនមានន័យថា ភាគីជនបង្ករួចផុតពីការចោទប្រកាន់ពីសំណាញ់ច្បាប់នោះដែរ។ គួរបញ្ជាក់ផងដែលថា? កន្លងមក ភាគីជនបង្ក(ឈ្មោះ ឈីត)ធ្លាប់មានបញ្ហានៃការ ប្រើអំពើហឹង្សាស្រដៀងនិងករណីខាងលើនេះផងដែរ ទៅលើអ្នកភូមិក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយអំឡុងពេលនោះ ជនបង្កបានវាយស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសរួចហើយ ក៏បានបង់ប្រាក់ចំនួន៥០០០ដុល្លារ និងតម្កល់ប្រាក់ នៅសាលាដំបូងខេត្តតាកែវដើម្បីរួចផុត ពីការឃុំខ្លួននោះទៀតផង។
ប្រភពខាងលើ បានលើកឡើងទៀតថា? ក្រុមគ្រួសារជនបង្ក ប្រៀបដូចជាក្រុមក្មេងពាល ដែលសាហាវព្រៃផ្សៃយង់ឃ្នង ជាទីបំផុត ប៉ុន្តែអ្នកភូមិភ្នំបាទេព គ្មានជម្រើសដែលត្រូវតែធ្វើដំណើរឆ្លងកាត់មុខផ្ទះក្រុមជនបង្ក ពួកគាត់បន្តទៀតថា បើមានផ្លូវផ្សេង ពួកគាត់មិនជិះកាត់មុខផ្ទះពួកជនបង្កនោះទេ៕សូមជំរាបជូនបន្ថែមទៀតថា ទាក់ទិននឹងករណីអំពើហិង្សាខាងលើនេះ មហាជននៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានធ្វើការសំណូមពរ ដល់កងរាជអាវុធហត្ថខេត្តតាកែវ ជាពិសេសស្ថាប័នតុលាការ ខេត្តតាកែវ សូមមេត្តាស្រាវជ្រាវ និងស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ និងការពិតមដើម្បីស្វែងរកការចាប់ ឬឃុំខ្លួនជនបង្ករ យកមកផ្តន្ទាទោស ឱ្យខាងតែបាន កុំឲ្យអាប់អោនកិត្តិយស មុខមាត់អ្នកស្រុកអង្គរបុរី ខេត្តតាកែវ
No comments:
Post a Comment