កំពង់ចាម÷ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីលោក សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បានបន្ដចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកចំការលើ និងនិវត្តន៍ជន ដែលជួបការលំបាក នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ចំនួន ១៧នាក់ និងឧបត្ថម្ភភេសជ្ជៈ ដល់កងកម្លាំងអន្តរាគមន៍ ចំនួន៣០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងដើម្បីធានាបាននូវ សន្តិសុខ រក្សាបានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ពិសេសនាឱកាស បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅកាន់តាមទីវត្តអារាម កន្លែងកំសាន្ត នានា និងការធ្វើដំណើរមកកាន់ស្រុកកំណើត ព្រមទាំងត្រលប់ទៅវិញ មុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ។
No comments:
Post a Comment