(ភ្នំពេញ)៖ ក្រោយកើតវិវាទដីធ្លីនិងប្តឹងផ្តល់គ្នារវាងឧកញ្ញា ស្រី ចន្ធូ(កូន) និងឧកញ្ញា ស្រី សុធា (ឪពុក) ម្ចាស់ក្រុមហ៊ុន ៧អិនជីគ្រុប..!។សូមជម្រាបថា ឥឡូវនេះ តុលាការទាំង៣ថ្នាក់ សម្រេចឲ្យឧកញ្ញា ស្រី សុធា ឈ្នះក្តី និងបានបង្គាប់ឲ្យឧកញ្ញា ស្រី ចន្ធូ និងប្រពន្ធ ផ្ទេរទ្រព្យសម្បត្តិមកឲ្យក្រុមហ៊ុន ៧អិនជីវិញ! ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ៧អិនជី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីប្រកាសនោះ បានលើកឡើងថាសូមជម្រាបជូន សាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាបថា ប៉ុន្មានឆ្នាំកន្លង មកនេះ ក្រុមហ៊ុនមានបញ្ហាជម្លោះផ្ទៃក្នុង ដែលធ្វើឱ្យប៉ះពាល់ដល់សកម្មភាព លទ្ធភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ជម្លោះនេះទាក់ទង នឹងអតីតប្រធានក្រុមប្រឹក្សាភិបាល ឈ្មោះ ស្រី ចន្ទូ ដែលបានផ្ទេរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួន។ បញ្ហា ទាំងនេះ បានបង្កជាជម្លោះរ៉ាំរ៉ៃ អូសបន្លាយពេលវេលាជាច្រើនឆ្នាំ និងបានធ្វើឱ្យប៉ះពាល់សកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន ព្រមទាំង ដូចជាការដោះស្រាយផលប៉ះពាល់ បង្កការរាំងស្ទះ ក្នុងដំណើរការដោះស្រាយផលប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋជាអតិថិជន ផ្សេងទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ទឹក ភ្លើង និងការ្យផ្សេងៗ ដែលក្រុមហ៊ុនបានសន្យាជាមួយអតិថិជន។ ដោយការដោះស្រាយផ្សះផ្សា និងការសម្របសម្រួលគ្នា មិនអាចឈានទៅរកការបញ្ចប់ជម្លោះគ្នាបាន និងកាន់តែធ្វើឱ្យ ប៉ះពាល់ផលប្រយោជន៍ស្នូលរបស់ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍ផ្សេងៗទៀតរបស់អតិថិជន ក្រុមហ៊ុនបានចាត់វិធានការតាម ផ្លូវច្បាប់ ដោយប្តឹងទៅតុលាការ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ក៏ដូចជាអតិថិជន។
ក្នុងដំណើរការក្តីនៅ តុលាការ ក្រុមហ៊ុនបានទទួលនូវភាពយុត្តិធម៌ ដោយសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ភ្នំពេញ និងជាពិសេស តុលាការ កំពូល បានចេញសាលដីកា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ប្រកាសបង្គាប់ឱ្យ ឈ្មោះ ស្រី ចន្ធូ និងប្រពន្ធ ឡុង នាងវចនា ដែលបានផ្ទេរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួន ដោយខុសច្បាប់ មកឱ្យក្រុមហ៊ុនវិញ ពីព្រោះទ្រព្យសម្បត្តិ ទាំងនេះ ជាកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន។ សេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់តុលាការ ដែលបានផ្តល់យុត្តិធម៌ ជូនក្រុមហ៊ុននេះ ពិតជា បានផ្តល់នូវកាលានុវត្តភាព ដើម្បីអាចឱ្យក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ជាអតិថិជនរបស់ខ្លួន ដែលបានរង់ចាំដំណោះស្រាយពីក្រុមហ៊ុនអស់ពេលជាច្រើនឆ្នាំមកហើយ។
ក្នុងដំណាក់កាលបន្ទាប់ទៀតនេះ ក្រុមហ៊ុននឹងរៀបចំក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែល ជាអតិថិជនឱ្យបានឆាប់បំផុត តាមគោលការណ៍ណែនាំរបស់អាជ្ញាធរ ជាពិសេសអាជ្ញាធរខេត្តកណ្តាល ដែលបានចូលរួមជួយ សម្របសម្រួលយ៉ាងសកម្មលើវិវាទនេះនាពេលកន្លងមក។អាស្រ័យហេតុនេះ ក្រុមហ៊ុនសូមធ្វើការអំពាវនាវដល់សាធារណជន អតិថិជន និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តដោះស្រាយបញ្ចប់វិវាទ ដោយឈរលើ គោលការណ៍ ភាពត្រឹមត្រូវ យុត្តិធម៌ សុច្ចរិតភាព ការយោគយល់គ្នា ប្រកបដោយជោគជ័យ និងភាតរភាព។
ជាងនេះទៅទៀត ក្រុមហ៊ុនបានធ្វើការប្តេជ្ញាចិត្ត និងមានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយសក្តានុពល ភាពឈ្លាសវៃ ជីវភាព និងទស្សនវិស័យទំនើបជឿនលឿន ពោពេញដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍប្រទេស ជាពិសេសតំបន់សហគមន៍អភិវឌ្ឍន៍នៃក្រុមហ៊ុន៧អិនជីគ្រុប តាមរយៈគម្រោងនានា ផ្នែកសង្គម សេដ្ឋកិច្ច សេវាកម្ម វប្បធម៌ និង បរិស្ថាន ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ប្រកបដោយសុភមង្គល វិបុលភាព និងភាពរុងរឿង នៅក្រោមម្លប់សុខសន្តិភាពជានិរន្តរ៍។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ប្រជាពលរដ្ឋ ជាពិសេសអតិថិជនរបស់ក្រុមហ៊ុនមេត្តាជ្រាប ជាព័ត៌មាន៕
No comments:
Post a Comment