(កណ្ដាល)៖ ដោយមានក្តីអាណិតអាសូរ គួរឲ្យសង្វេគដល់ក្រុមគ្រួសារក្មេងប្រុសទាំងពីរ ជួបឧបទ្ទវហេតុលង់ទឹក ពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្តាល, លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងសហការី បានចូលរួមរំលែកទុក្ខ នាំយកថវិកាផ្ទាល់របស់លោកអភិបាលខេត្ត និងលោកស្រី រួមជាមួយអំណោយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងអរិយក្សត្រ និងថវិកា ជូនដល់ក្រុមគ្រួសារនៃសព ក្មេងប្រុសពីរនាក់ ដែលបានលង់ទឹកស្លាប់ ។
ស្ថិតនៅគ្រាដែលចុះជួបដោយផ្ទាល់ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ, លោក ចាន់ តារា អភិបាលក្រុង រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងសហការី បានសំដែងនូវការសោកស្ដាយ និងចូលរួមរម្លែកទុក្ខដ៍ក្រៀមក្រុំនេះជាមួយគ្រួសារសព។ ក្នុងនាមអភិបាលក្រុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ ព្រោះរដូវនេះទឹកតំឡើង ដែលអាចបង្កើតឧបទវហេតុណាមួយដែលនឹកស្មានមិនដល់ ពិសេសខ្លាចក្មេងៗលង់ទឹកជាដើម។ អាណាព្យាបាល គ្រប់រូបយកចិត្តទុកដាក់ជាពិសេសលើក្មួយៗជាកុមារតូចៗ ជាពិសេសក្នុងរដូវវស្សានេះ ចៀសវាងការឱ្យក្មេងៗទៅងូតទឹក ឬលេងទឹកនៅកន្លែងប្រឈមគ្រោះថ្នាក់ សូម្បីការងូតទឹកភ្លៀងក៏ដោយ។
សូមជម្រាបជូនថា បងប្អូនទាំង២នាក់ ដែលលង់ទឹកស្លាប់មាន ឈ្មោះ ស ម ល អាយុ១១ ឆ្នាំ និងឈ្មោះ ស ស ហ អាយុ ៦ឆ្នាំ បានទទួលមរណភាព ដោយជួបឧបទ្ទវហេតុលង់ទឹក ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕
No comments:
Post a Comment