(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម រួមនឹងព្រះវត្តមានព្រះសីលសំវរ ព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគណខេត្ត រួមនិងសមាជិក សមាជិកា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនលោក ផេន ស៊ាងផេង អាយុ៤៨ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។
លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាលក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា លោក ផេន ស៊ាងផេង ជាបុរសពោះម៉ាយទុរគត ដើរស៊ីឈ្នួលធ្វើសំណង់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ រស់នៅក្នុងកូនផ្ទះចាស់ទ្រុឌទ្រោមតូចមួយ គ្មានទាំងបង្គន់អនាម័យ ហើយមានកូនប្រុស ស្រី ៣នាក់ ក្នុងបន្ទុក និងទទួលរ៉ាប់រងចិញ្ចឹមថែទាំបងស្រីបង្កើតម្នាក ដែលមានជំងឺប្រចាំកាយ ពិការស្វិតដៃជើងមួយចំហៀងខ្លួនថែមទៀតផង។
ដោយមើលឃើញពីស្ថានដ៏លំបាកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចភ្លាមៗ ផ្តល់ជូនបុរសពោះម៉ាយរូបនេះនូវផ្ទះ១ខ្នង មានទំហំ ៤ គុណ ៦ម៉ែត្រ និងបង្គន់អនាម័យ ១ខ្នង ២បន្ទប់ កង់២គ្រឿងសម្រាប់កូនប្រុសទាំង ២នាក់ ជិះទៅរៀន និងជួយផ្គត់ផ្គង់ផ្តល់ស្បៀងហូបចុកប្រចាំខែរយៈពេល ១ឆ្នាំ។
ក្នុងឱកាសនោះដែរ លោក ផេន ស៊ាងផេង ក៏បានសម្តែងទឹកចិត្តរំភើបរីករាយឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជួយដោះស្រាយការលំបាក ព្រមទាំងសំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។
ដើម្បីសង្កត់ផ្ទះថ្មីនេះសាខាបានផ្តល់ជូនលោក ផេន ស៊ាងផេង និងក្រុមគ្រួសារនូវអង្ករ៥០គីឡូក្រាម មី គ្រឿងឧបភោគ បរិភោគ ឃីត ២សម្រាប់ សម្ភារផ្ទះបាយ សម្ភារដំណេក និងថវិកាចំនួន ២០០.០០០រៀល។ ដោយឡែកប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមជាសាក្សី ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ ឃីត ១សម្រាប់ និងថវិកាមួយចំនួនផងដែរ៕
No comments:
Post a Comment