ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកយោបល់ដល់អង្គការដៃគូអភិវឌ្ឍ លើវិស័យពិការភាពនេះ គឺអោយរាយការណ៍អំពីស្ថានភាពពិតប្រាកដអំពីការឈ្លានពានរបស់ថៃ ដែលមានការអូសបន្លាយពេលវេលាដែលអាចបង្កអោយជនស្លូតត្រង់ធ្លាក់ខ្លួនមានពិការភាព ជាបន្តបន្ទាប់ ដូច្នេះ សូមស្នើសុំ និងធ្វើការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ទៅមជ្ឈដ្ឋានអន្តរជាតិ ដើម្បីចូលរួមអន្តរាគមន៍បញ្ឈប់អំពើរឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ហើយដើម្បីជាការចូលរួមបញ្ឈប់នូវការបង្កើតឲ្យមានប្រជាពលរដ្ឋធ្លាក់ខ្លួនជាជនពិការតទៀត ពីការឈ្លានពានរបស់ថៃ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់សៀម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានថ្លែងបន្តថា ចំពោះជនមានពិការភាព គឺជាតួអង្គមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គម គ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការងារ មុខរបរ សហគ្រិនភាព ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គម ដែលជាគន្លឹះក្នុងការបង្កើនគុណភាពជីវិតរបស់ខ្លួនផ្ទាល់និងគ្រួសារប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិយាបន្ន សមភាព និងរស់នៅដោយឯករាជ្យ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ការធ្វើបរិយាបន្នពិការភាពលើគ្រប់វិស័យ គឺជាការថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរព ប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយ មនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាពមានឬក្រ មិនមាន ការមើលងាយ និងលើក កម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជាយើង ដោយកិរិយាមិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ក៏បានណែនាំឱ្យកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពផងដែរ ៕

























No comments:
Post a Comment