ភ្នំពេញ÷មកដល់ពេលនេះ មិនទាន់មានស្ថាប័នពាក់ព័ន្ធ ណាមួយ អនុវត្តច្បាប់ ទៅលើបុគ្គលណាមួយ ដែលបានបើកភ្លើងខៀវ អោយសាឡង់ របស់ជនជាតិវៀតណាម មកបូមខ្សាច់ នៅក្នុងទឹកដីស្រុកពាមជរ ខេត្តព្រៃវែង មហាជនបានទទូច សូមអោយលោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ជាពិសេស លោកសុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួរបើកការស៊ើបអង្កេត អោយបានស៊ីជម្រៅ ចំពោះបុគ្គលណាមួយ ដែលបានបើកភ្លើងខៀវ អោយសាឡង់របស់ជនជាតិវៀតណាម ឆ្លងដែនមកបូមខ្សាច់ខុសច្បាប់ នៅក្នុងទឹកដីស្រុកពាមជរ ខេត្តព្រៃវែង ។
បើយោងតាម ប្រភពច្បាស់ការមួយ បានបង្ហើបអោយដឹងថា? លោកសុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងលោករឹម លឹមសេង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ គឺជាអ្នកបើភ្លើងខៀវ ឲ្យសាឡង់ របស់ជនជាតិវៀតណាម ឆ្លងដែនមកបូមខ្សាច់ នៅចំនុចទន្លេមេគង្គក្រោម ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកពាមជរ ខេត្តព្រៃវែង ។ ប្រភពខាងលើ បានឲ្យដឹងទៀតថា? សាឡង់របស់ជនជាតិវៀតណាមខាងលើនេះ បានឆ្លងកាត់បន្ត តាមច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ហើយក៍ត្រូវបានលោកព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
សូមជម្រាបថា កាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានថា លួចឆ្លងព្រំដែនតាមផ្លូវទឹកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់។ លោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង ការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើសរត់ពន្ធ។
លោកបានបញ្ជាក់ថា កម្លាំងជំនាញគយ បានសហការជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថផ្ទៃប្រទេស និង ស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ចុះឃាត់សាឡង់បូមខ្សាច់ពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈកំពុងធ្វើដំណើរឆ្ពោះទៅតំបន់កោះធេង តាមដងទន្លេមេគង្គក្រោម ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង កាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦។ តាមការបញ្ជាក់របស់ លោក ព្រាប គារ៉ាត់ អ្នកបើកបរ សាឡង់ឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម បានសារភាពថា ខ្លួនបានបើកសាឡង់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់នោះឡើយ។ បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចនាំយកសាឡង់ទៅរក្សាទុកជាបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ទាក់ទិននិងជុំវិញព័ត៍មានដ៍រសើបខាងលើនេះ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦កន្លងទៅនេះ លោកសុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចសូមការបំភ្លឺ លំអិតបាននោះទេ? ដោយលោកសុង ម៉ាឡៃ បានបញ្ជាក់យ៉ាងខ្លីតាមទូរស័ព្ទថា ខ្ញុំឃើញតែលេខទូរស័ព្ទ និងសំឡេងរបស់លោក ខ្ញុំមិនដឹងថាលោកជាអ្នកកាសែតពិត ឬមិនពិតនោះទេ?។ ចំណែកលោករឹម លឹមសេង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បណ្តាញសារព័ត៌មានយើងខ្ញុំ ក៍មិនអាចសូមការទំនាក់ទំនង បកស្រាយបំភ្លឺលំអិតបាននោះដែរ?ដោយសារតែទូរស័ព្ទ របស់លោករឹម លឹមសេង ចុចចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។ ជុំវិញករណីខាងលើនេះ បណ្តាញសារព័ត៍មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺលំអិត គ្រប់ភាគីពាក់ព័ន្ធ។

No comments:
Post a Comment