ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង ៣០០ហិកតា។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។ ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពផលដំណាំ និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ ដោយសារការជន់លិចពីទឹកទន្លេមេគង្គ។














No comments:
Post a Comment