ខេត្តស្វាយរៀង៖លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ដែលកំពុងត្រៀមកម្លាំងជាប់ជាប្រចាំក្នុងការអនុវត្តបទបញ្ជាររបស់ថ្នាក់នាំក្នុងការធ្វើកិច្ចការងារផ្សេងៗ។ ពិធីនេះក៏មានការចូលរួមពី លោក-លោកស្រីអភិបាលរងក្រុង លោកប្រធាន-អនុប្រធានការិយាល័យចំណុះសាលាក្រុងច្រើនរូបទៀត។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សាអភិបាលខេត្ត ជូនដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងដែលលោកអភិបាលខេត្តតែងតែគិតគូរពីសុខទុក្ខកងទ័ពជានិច្ច។ បន្ថែមលើសពីនេះ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពដែលបានការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
លោកអភិបាលក្រុងបាវិត បានគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីសន្តិភាព ព្រោះតម្លៃនៃសុខសន្តិភាពជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជាយើង ពលរដ្ឋកម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។សូមបញ្ជាក់ថា រដ្ឋបាលក្រុងបាវិតបានឧបត្ថម្ភតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងរួមមាន៖ អង្ករ ១,០០០ គីឡូ, មី ៥០កេស, ត្រីខកំប៉ុង ៥កេស, បាយក្ដាំង ៥០០ កញ្ចក់, ទឹកផ្លែឈើ ១០យួរ, នំ៥កេស, ទឹកត្រី៣កេស, ទឹកសុីអ៉ីវ ៣កេស និងថវិកាមួយចំនួនផងដែរ៕
No comments:
Post a Comment